យុវជនកម្ពុជាគួរបង្កើនវប្បធម៌រិះគន់ដើម្បីស្ថាបនា

ដោយ៖ រិន សុក្រិត្យ

និន្នាការនៃការបញ្ចេញមតិនៅតាមបណ្តាញសង្គមហ្វេសប៊ុកកំពុងកើនឡើងខ្លាំងពីសំណាក់យុវជនកម្ពុជា។ ហ្វេសប៊ុកបានផ្តល់វិសាលភាពដ៏ធំទូលាយសម្រាប់អ្នកប្រើប្រាស់ ដើម្បីចែករំលែក អារម្មណ៍ចូលចិត្ត អារម្មណ៍អស់សំណើច អារម្មណ៍ភ្ញាក់ផ្អើល អារម្មណ៍ទុក្ខសោក និងអារម្មណ៍ខឹងសម្បារ។ វាក៏បានអនុញាតិឱ្យអ្នកប្រើប្រាស់ចែករំលែកដល់អ្នកដទៃ ផ្តល់យោបល់រិះគន់ កោតសរសើរ វាយប្រហារផងដែរ។

ការរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកទោះជាតាមរយៈការបង្ហោះវីដេអូ(Video) សរសេរអត្ថបទ(Status) និងការបញ្ចេញយោបល់(Comment) កំពុងតែទទួលបានការពេញនិយម។ ការរិះគន់នោះអាចកើតឡើងក្រោមបញ្ហាផ្សេងៗដែលពួកគេមិនពេញចិត្ត ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា ការរិះគន់ដោយខ្វះមូលដ្ឋានជាក់លាក់ប្រកបដោយចំណេះដឹង និងហេតុផលផ្លូវច្បាប់នោះទេ។

នៅពេលបុគ្គលម្នាក់បានបង្ហោះឬចែករំលែកបញ្ហាមួយនៅលើហ្វេសប៊ុកដោយមានកំហុសទោះបីចេតនា ឬអចេតនាក្តី គេតែងសង្កេតឃើញអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀតចូលទៅផ្តល់យោបល់រិះគន់ ដោយមានរស់ជាតិផ្សេងៗ។ អ្នកខ្លះក៏ផ្តល់យោបល់ដែលមានលក្ខណៈបកស្រាយបំភ្លឺប្រាប់ផ្លូវ អ្នកខ្លះក៏រិះគន់ដោយចំៗ មានអ្នកខ្លះទៀតក៏របូតមាត់ជេ ដោយពាក្យផ្សេងៗ អ្នកខ្លះក៏សរសេរឌឺដង អ្នកខ្លះទៀតក៏បញ្ចេញយោបល់គាំទ្រទាំងងងឹតងងល់។

ចុះហេតុអ្វីយើងមិនគិតថា គ្នា(អ្នកផូស)ខុស ព្រោះគ្នាមិនដឹង ឬក៏ថាគ្នាខុសព្រោះគ្នាល្ងង់ ? នៅលើលោកនេះគ្មាននរណាម្នាក់ចង់ខុសនោះទេ។ ដូច្នេះការផ្តល់យោបល់គួរមានលក្ខណៈរិះគន់ដើម្បីស្ថាបនា ព្រោះថាពេលអ្នករិះគន់ដើម្បីស្ថាបនាមានន័យថា លោកអ្នកកំពុងចែករំលែកសេចក្តីស្រលាញ់ ចំណេះដឹង ហើយអ្នកដែលត្រូវអ្នករិះគន់នោះក៏សប្បាយចិត្តនឹងទទួលយកដើម្បីកែប្រែឱ្យរីកចម្រើនផងដែរ។

នៅក្នុងសៀវភៅកូនមាសឪពុករបស់លោកគ្រូអគ្គបណ្ឌិតប៊ុត សាវង្សបានសរសេរថា “កូនមាសឪពុក៖ ក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរនិងពាក្យបន្ទោសណាស់ ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយ ម្យ៉ាងទៀត បើកូនចង់តិះដៀលឱ្យអ្នកណា កូនត្រូវសម្លឹងមើលខ្លួនឯងជាមុន កុំឱ្យគេស្តីបកមករកវិញ” ។ សរុបមកយុវជនទាំងអស់គួរបង្កើនវប្បធម៌ចែករំលែកដោយក្តីស្រលាញ់ និងប្រកាន់ចិត្តមេត្តា (ការរាប់អាន) ករុណា(សេចក្តីអាណិតស្រលាញ់) មុទិតា (សប្បាយចិត្តពេលឃើញអ្នកដទៃរីករាយ) និងឧបេក្ខា (ការប្រកាន់ជំហ៊ោរជាកណ្តាល)។ ការធ្វើបែបនេះនឹងអាចធ្វើឱ្យការបញ្ចេញយោបល់រិះគន់របស់យើងត្រូវបានទទួល ហើយវាមានន័យថាយើងនឹងទទួលនូវសេចក្តីស្រលាញ់បែបនេះវិញនៅថ្ងៃណាមួយដែលយើងខុស៕ ដោយក្តីគោរពពីខ្ញុំ!

​​​សំណេរអង់គ្លេសរបស់សិស្សថ្នាក់ទី១២នោះឆ្លុះបញ្ចាំងពីទម្លាប់អាក្រក់នៃការប្រើប្រាស់ភាសា

គ្រាន់​តែ​បាន​ឃើញ​គេ​បង្ហោះ​សំណេរ​ភាសា​អង់គ្លេស​សរសេរ​បែប​ភាសាខ្មែរ​របស់​បេក្ខជន​ប្រឡង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៥​ភ្លាម ខ្ញុំ​ហាក់​មាន​អារម្មណ៍​ភ្ញាក់​ខ្លួន​ព្រឺត។ ភ្ញាក់​ព្រឺត​ដោយសារ​ខ្ញុំ​ក៏​ឧស្សា​ហ៍សរសេរ​ភាសា​អង់គ្លេស​បែបនេះ​ដែរ ជា​ពិសេស​គឺ​នៅ​ពេលដែល​ខ្ញុំ​ផ្ញើរសារ​(Chat) ជជែក​លេង​ជា​មួយ​មិត្ត​ភក្តិ​ឬ​អ្នក​ដែល​ស្និទ​ស្នាល​ជា​មួយ​ខ្ញុំ​នៅ​បណ្តាញសង្គម​ហ្វេស​ប៊ុក​(Facebook)។

ខ្ញុំ​អង្គុយ​គិត​មួយ​សន្ទុះ​ថា ហេតុ​អ្វី​បាន​ជា​ប្អូន​បេក្ខ​ជន​បាក់​ឌុប​ម្នាក់​នោះ​ចេះ​នឹក​ឃើញ​សរ​សេរសំណេរ​បែប​នេះ​ឡើង។ អ្វី​ដែល​ខ្ញុំគិត​ដល់​មុន​គេ​គឺ​ថា​ប្រហែល​ជា​ប្អូន​មាន​សមត្ថភាព​ភាសាអង់គ្លេស​មិន​អន់​ទេ ប៉ុន្តែ​ប្រហែល​ជា​គេ​ទម្លាប់​ចូល​ចិត្ត​សរសេរ​ភាសា​អង់គ្លេស​ប្រកប​​បែប​ខ្មែរនេះ​តាម​រយៈ​បណ្តាញ​សង្គម​ឬ​ក៏​តាម​រយៈ​ការ​ផ្ញើរ​សារ​ទូរស័ព្ទ​ហើយ​មើល​ទៅ។

តើ​វា​ជា​ទម្លាប់​អាក្រក់​ដែរ​ឬ​ទេ? ប្រាកដ​ណាស់ វាជា​ទម្លាប់​ដ៏អាក្រក់​មួយ​ដែល​អាច​បំផ្លាញ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​របស់​យើង​រាល់​គ្នា។ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចូល​ចិត្ត​សរសេរ​បែប​​នេះ​​ដោយ​សារ​ពួក​គាត់​មិន​ចេះ​សរសេរ​ភាសា​អង់គ្លេស​តាម​បែប​វេយ្យា​ករណ៍​ត្រឹម​ត្រូវ។

ចុះ​សម្រាប់​អ្នក​ដែល​ចេះ​សរសេរ​តាម​បែប​ប្រយោគ​ដែល​មាន​វេយ្យាករណ៍​ត្រឹម​ត្រូវ ?ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ចូល​ចិត្ត​សរសេរ​ភាសា​អង់គ្លេស​បែប​ខ្មែរ​នេះ​ដែរ? ចម្លើយ​គឺថា​ប្រហែល​ជា​ពួកគាត់​ចង់​បង្កើន​ភាព​ស្និតស្នាល​ជាមួយ​ដៃគូរ​សន្ទនា​របស់​គាត់​ហើយ​មើល​ទៅ។ ស្និទ​ស្នាល​ត្រង់ថា​គាត់​មាន​ឱកាស​ហៅដៃ​គូរ​របស់​គាត់​តាម​បែប​ផ្អែម​ល្ហែម​ដូចជា “Pouk Mak, Heng Sok Sabay Ot?” មានន័យថា ពួកម៉ាក ហែងសុខសប្បាយអត់?

បើ​អាច​ធ្វើ​បាន ចូរ​អ្នក​ទាំង​អស់​គ្នា​ព្យាយាម​សរសេរ​ភាសា​អង់គ្លេស​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ដែលអាច​ធ្វើ​បាន។ ធ្វើ​បែប​នេះ​អ្នក​ប្រាកដ​ជា​អាច​បង្កើន​សមត្ថភាព​នៃ​ការ​សរសេរ​របស់​អ្នក។ ជាពិសេស​អ្នក​នឹង​អាច​មាន​ឱកាស​ទទួល​បាន​ការ​កែ​តម្រូវ​ពី​មិត្ត​ភក្តិ ពី​ទូរស័ព្ទ​ដៃ និង​ពី​កុំព្យូទ័រ របស់​អ្នក​នៅ​ពេល​ដែល​អ្នក​សរសេរ​ខុស​ទៀត​ផង។

បន្ថែម​ពីលើ​បញ្ហា​ទម្លាប់​នៃ​ការ​សរសេរ​នេះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​អាន​និង​បក​ប្រែ​អស់​​មួយសន្ទុះ ទើប​ខ្ញុំ​ដឹង​ថា​គេ​សរសេរ​អត្ថបទ​មិន​បាន​ល្អ​នោះ​ទេ ព្រោះ​អត្ថបទ​នោះ​មិន​មាន​សេចក្តី​ផ្តើម តួរសេចក្តី សេចក្តី​បញ្ចប់ មិន​មាន​ការ​រៀប​ចំពាក្យ​ពេចន៍​ឱ្យ​បាន​ល្អ ហើយ​​ថែម​​ទាំង​សរសេរមិន​ចំ​ប្រធាន​ទាំង​ស្រុង​ទៀត។

មកដល់​ត្រឹមនេះ បើ​យើង​និយាយ​ពី​សំណេរ​បែប​ភាសាខ្មែរ សិស្ស​ថ្នាក់​ទី១២​រូបនោះ​ប្រហែល​ជា​មិន​បាន​ទួល​ការ​អប់រំ​ត្រឹមត្រូវ ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​មិន​បាន​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ណាស់ណា​ដែរ ទើប​ធ្វើ​ឱ្យ​គេ​សរសេរ​អត្ថបទ​បាយ​បិណ្ឌ​ទៅ​ជាបាយ​បាត្រ​បែប​នេះ។

តើ​យើង​គួរ​តែ​សើច​ចំអក​ដាក់​គាត់​ឬ​ក៏​គួរ​អាណិត​គាត់? យោង​តាម​បទពិសោធ​ន៍នៃការ​សិក្សា​ថ្នាក់​វិទ្យាល័យ​របស់​យើង តើ​ការ​បង្រៀន​ភាសា​អង់គ្លេស​នៅតាម​សាលា​រដ្ឋបាន​ឈាន​ដល់កម្រិត​ណា​ហើយ? តើ​ប្អូន​ដែល​រៀន​នៅ​តាម​ស្រុកស្រែ​ ពួក​គាត់​មាន​ឱកាស​បាន​សិក្សា​ភាសាអង់គ្លេស​បាន​កម្រិត​ណា? ទាំងអស់​នេះ​គឺសុទ្ធ​តែ​សំនួរ​ប្រាក់​លាន​ដែល​យើង​ទាំង​អស់​​គ្នាជាកូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​តែ​រួម​គ្នា​ឆ្លើយ​ឱ្យបាន។

ចង់​ដឹង​ថា​ប្អូន​ថ្នាក់​ទី១២​ម្នាក់​នោះ សរសេរ​សំណេរ​មាន​ន័យ​ជា​ភាសាខ្មែរ​យ៉ាង​ណា? សូម​អានការ​ប្រែ​សម្រួល​របស់​ខ្ញុំ​ដូច​ខាង​ក្រោម៖

Photo by Facebook

Photo by Facebook

“ឪពុកម្តាយល្អគឺមានទំនួលខុសត្រូវ​ចំពោះ​កូន ផ្តល់បរិយាកាសល្អជាគ្រួសារ មិនមាន​ទំនាស់​​​នៅក្នុងគ្រួសារ​​ គឺកូនមានអារម្មណ៍​ចេះយោគយល់អធ្យាស្រ័យគ្នារវាងប្រពន្ធប្តី។ មានរឿងអ្វី ពិភាក្សា មុនមានយោបល់អ្វី​មួយ។ ឧទាហរណ៍៖ ប្តីមកពីធ្វើការ​ហត់ ប្រពន្ធ​​ជាប់រវល់​ធ្វើការមិនបាន​ដាំស្លរទាន់ ប្តីត្រូវ​ជួយ​ធុរៈប្រពន្ធ គោរពសិទ្ធិគ្នា​ទៅវិញ​ទៅមក មិនមែនរឿងភេទទេ។ ត្រូវដឹងគុណអ្នកដែលចិញ្ចឹមបីបាច់ ​យើងធំធាត់​ យើងមាន​គ្រួសារធ្វើឪពុកម្តាយគេមាន​កូន​។ ចុងក្រោយគឺមិនត្រូវថែទាំសុខ​ភាពឱ្យ​បានល្អ។”

ដោយៈ រិន សុក្រិត្យ

DMCរៀបចំកម្មវិធីចែករំលែកវិធីសាស្រ្តប្រឡងអាហារូបករណ៍ដល់សិស្សជំនាន់ក្រោយ

ភ្នំពេញ-ដេប៉ាដឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍(DMC)នឹង​រៀប​ចំ​កម្ម​វិធី​ចែក​រំលែក​វិធី​សាស្រ្ត​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍​DMC​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​​នៅ​ថ្ងៃ​ទី២០​ខែ​សីហ ឆ្នាំ២០១៥​ខាង​មុខ​ដោយ​មាន​ការ​ចែក​រំលែក​បទ​ពិសោធន៍​ជោគជ័យ​ពីអតីត​និស្សិត​DMCដែល​កំពុង​ធ្វើ​ការ​នៅស្ថាប័ន​ផ្សេងៗ។

លោក​សោម រតនា នាយក​ប្រតិបត្តិ​នៃDMC​បាន​មាន​ប្រសាសន៍​ពី​គោល​បំណង​ក្នុង​ការ​បង្កើត​​កម្ម​វិធី​ឡើង​ថា​មាន​​គោល​បំណង​ដើម្បី​ចែករំលែក​បច្ចេក​ទេស​ក្នុង​ការ​ប្រឡង​ឱ្យជាប់​នៅ​DMC​។ លោក​បាន​បន្ថែម​ថា ជាមួយ​នឹង​បទ​បង្ហាញ​ពី​អតីត​និស្សិត​DMC​ហើយ​និង​ការ​សួរ​ឆ្លើយ​សំនួរ​ផ្សេងៗ អ្នក​ចូលរួម​នឹង​បាន​យល់​កាន់​តែ​ច្បាស់​អំពី​DMC ហើយ​ពួក​គាត់​នឹង​ធ្វើការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​មួយ​ថា​តើពួក​គាត់​គួរ​តែ​បន្ត​ចូល​រួម​ប្រឡង​​ដើម្បី​ចូល​រៀន​នៅDMC​ឬ​ក៏​បញ្ឈប់”។

លោក​នាយក​ក៏បាន​សង្កត់​ធ្ងន់​ដែរ​ថា លោក​មិន​ចង់​បាន​សិស្ស​ដែល​ប្រឡង​ជាប់​ដោយ​ចៃ​ដន្យ​នោះ​ទេ ប៉ុន្តែ​លោក​ចង់​បាន​សិស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​មាន​ភាព​ជឿ​ជាក់​ពិត​ប្រាកដ​ក្នុង​ការ​សិក្សា​នៅ​DMC។

កម្មវិធី​នេះ​នឹង​ចាប់​ផ្តើម​ពីម៉ោង​៧៖៣០នាទី​ដល់​ម៉ោង​១១៖៣០នាទី​ព្រឹក ដោយ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹងផ្សេងៗ​ពីអតីត​និស្សិត​ដែល​ទើប​តែ​បញ្ចប់ការ​សិក្សា​មាន​ជំនាញ​ខុស​ៗ​គ្នា​ដូច​ជា​ជំនាញ​ផលិត​ភាពយន្ត ជំនាញ​ទំនាក់​ទំនង​សារធារណៈ និង​និស្សិត​ដែល​មាន​ជំនាញ​ផ្នែក​សារព័ត៌មាន​ផង​ដែរ។ជាងនេះ​ទៅទៀត​កម្មវិធី​នេះ​ក៏​នឹង​មាន​ចាក់​បញ្ចាំ​ងខ្សែ​ភាពយន្ត​ខ្លីចំណងជើងថា “អំបោះ” ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អតីត​និស្សិត​​DMC​គឺ​លោករិន សុក្រិត្យ​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថាDMC​គឺជា​ពាក្យ​កាត់​មក​ពី​ភាសា​អង់គ្លេស​ថា Department of Media and Communication​ដែល​មាន​ន័យ​ជាភាសាខ្មែរ​ថា​ដេប៉ាដឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគម​នាគម​ន៍​​​​​​ដែល​​ជា​ផ្នែក​មួយ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

DMC​នឹង​ចាប់​ផ្តើម​ទទួល​ពាក្យប្រឡង​អាហារូបករណ៍​១០០%​ថ្នាក់បរិញ្ញា​ប័ត្រ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រយះពេល​៤ឆ្នាំ​ចាប់​ពីថ្ងៃទី​១៨សីហានេះ​តទៅរហូត​ដល់​ថ្ងៃទី​២៨​កញ្ញា​ឆ្នាំ​២០១៥៕

ដោយ៖ រិន សុក្រិត្យ

៣គន្លឹះពីហេងសូរីតាដើម្បីទទួលបានពិន្ទុIELTSខ្ពស់

ហេង សូរីតាបានប្រឡងIELTSទទួលបានពិន្ទុ៨.៥លើពិន្ទុខ្ពស់បំផុត៩.០។ នាងនឹងចែករំលែកយុទ្ធសាស្រ្ត៣ធំៗដើម្បីត្រៀមខ្លួនប្រឡងតេស្តអន្តរជាតិIELTS ឱ្យបានពិន្ទុខ្ពស់។ សូមជួបជាមួយកិច្ចសម្ភាសន៍រវាងខ្ញុំរិន សុក្រិត្យនិងសូរីតាដូចតទៅ៖

សុក្រិត្យ៖ តើសូរីតាបានត្រៀមខ្លួនយ៉ាងដូចម្តេចមុនការប្រឡងIELTSមកដល់?

សូរីតា៖ ខ្ញុំបានធ្វើការស្រាវជ្រាវនូវគន្លឹះ(Tips)ល្អៗក្នុងការប្រឡងIELTSពីក្នុងអ៊ីនធើណេត។ ជាងនេះទៅទៀតខ្ញុំបានអនុវត្តន៍ធ្វើលំហាត់និងវិញ្ញាសារIELTSជាច្រើននៅលើគេហទំព័រផ្សេងៗដែលមានដូចជាវេបសាយ http://www.dcielts.com ជាដើម។ បើសិនជាអ្នកមិនដឹងពីគេហទំព័រណាមួយឱ្យប្រាកដនោះ អ្នកអាចស្វែងរកនៅលើGoogleដោយវាយពាក្យថា IELTS listening tips ឬក៏ IELTS writing tips ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ YouTubeក៏មានវីដេអូដែលបង្ហាញពីការត្រៀមខ្លួន និងការអនុវត្តន៍លំហាត់IELTSច្រើនរាប់មិនអស់ផងដែរ។

សុក្រិត្យ៖ ចុះចំណែកក្នុងអំឡុងពេលប្រឡង? តើសូរីតាបានធ្វើយ៉ាងដូចម្តេចខ្លះ?

សូរីតា៖ ជាទូទៅកាលប្រឡងតេស្តអន្តរជាតិIELTSបែងចែកចេញជា៤ផ្នែកដូចជា ការអាន ការស្តាប់ ការនិយាយ និងការសរសេរ។ អ្វីដែលខ្ញុំធ្វើដំបូងគេគឺខ្ញុំចាប់ផ្តើមបើកមើលគ្រប់ផ្នែកទាំងអស់នៃវិញ្ញាសារ ដើម្បីឱ្យដឹងពីផ្នែកណាខ្លះដែលលំបាក និងផ្នែកណាខ្លះដែលងាយស្រួល។ ខ្ញុំសូមណែនាំអ្នកប្រឡងIELTSឱ្យធ្វើលើសំនួរដែលអ្នកគិតថាងាយស្រួលមុនគេ។ ជាទូទៅសំនួរដែលខ្ញុំគិតថាងាយស្រួលគឺនៅផ្នែកសំនួរពហុជ្រើសរើស (Multiple Choices) និងផ្នែកបំពេញល្បះ(Filling in the Gaps)។ ចំណែកឯសំនួរ “ខុសឬត្រូវ”(True-or-False) គឺជាសំនួរលំបាក ដែលយើងគួរតែទុកវាធ្វើក្រោយ។

ជាងនេះទៅទៀត សំនួរផ្នែកជំនាញស្តាប់ក៏មានភាពលំបាកខ្លាំងដែរ។ ដូច្នេះយើងមិនត្រូវចំណាយពេលស្តាប់លើតែផ្នែកមួយយូរពេកនោះទេ បើយើងស្តាប់មិនបានលើផ្នែកអ្វីមួយ យើងត្រូវរំលងទៅតាមសម្លេង បើមិនដូច្នោះទេវានឹងធ្វើឱ្យយើងស្តាប់មិនទាន់គ្រប់លើផ្នែកដទៃនៃសំនួរក្នុងផ្នែកស្តាប់នោះ ហើយវានឹងធ្វើឱ្យយើងបាត់បង់ពិន្ទុច្រើនជាមិនខាន។

ចំណែកឯផ្នែកសរសេរ យើងប្រហែលជាមានពេលប្រមាណ១០នាទីដើម្បីគិតមុនចាប់ផ្តើមសរសេរ ដូច្នេះយើងត្រូវតែប្រើពេលវេលា១០នាទីនោះដើម្បីគិតឱ្យបានជាក់លាក់លើប្រធានបទដែលគេដាក់។ ជៀសវាងការគិតវែងឆ្ងាយដែលធ្វើឱ្យយើងមិនមានគំនិតមូលដើម្បីសរសេរ។

ជាចុងក្រោយ យើងត្រូវតែរៀននិយាយភាសាអង់គ្លេសជាមួយមិត្តភក្តិឬក៏គ្រូបង្រៀនរបស់យើងឱ្យបានច្រើនតាមដែលធ្វើបាន។ ការធ្វើដូច្នេះអាចជួយយើងឱ្យនិយាយបានល្អនៅពេលចូលប្រឡងផ្នែកជំនាញនិយាយ។ ការនិយាយដែលល្អវាអាចរួមបញ្ចូលទៅនឹងការបញ្ចេញសម្លេង ការប្រើប្រាស់ពាក្យ និងលំហូរនៃការនិយាយភាសាអង់គ្លេសថាតើយើងនិយាយបានរអិលប៉ុណ្ណាហើយត្រូវនឹងប្រធានបទបានល្អប៉ុណ្ណា។

សុក្រិត្យ៖តើសូរីតាមានបណ្តាំផ្ញើរដល់អ្នកដែលមានបំណងចង់ប្រឡងតេស្តអន្តរជាតិIELTSយ៉ាងដូចម្តេច?

សូរីតា៖ សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកIELTS ហើយចង់បានពិន្ទុខ្ពស់ អ្នកត្រូវតែមានការគ្រប់គ្រងពេលវេលាក្នុងអំឡុងពេលប្រឡងឱ្យបានល្អ។ បើយល់ល្អ អ្នកត្រូវយកនាឡិកាទៅតាមខ្លួន ដើម្បីកំណត់ពីពេលវេលាដែលត្រូវចំណាយលើផ្នែកនីមួយៗរបស់វិញ្ញាសារ។ អ្នកត្រូវចេះសម្រួលអារម្មណ៍កុំឱ្យភ័យនៅក្នុងពេលប្រឡង ត្រូវដកដង្ហើមវែងៗ។ ជៀសវាងមានការភ័យស្លន់ខ្លាំងក្នុងអំឡុងពេលប្រឡង ដែលអាចធ្វើឱ្យអ្នកមិនអាចធ្វើលំហាត់បានល្អ។

គួររំលឹកផងដែរថា IELTSគឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសលំដាប់ថ្នាក់ពិភពលោកដែលត្រូវបានទទួលស្គាល់ជាង១៤០ប្រទេសលើពិភពលោក។ នៅកម្ពុជា សម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សានៅប្រទេសប៉ែកអឺរ៉ុប និងប្រទេសអូស្រ្តាលីគឺតម្រូវឱ្យមានសញ្ញាប័ត្របញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេសIELTSនេះ។ ហើយកម្រិតពិន្ទុIELTSនេះគឺមានកម្រិតចាប់ពី១ដល់៩។ សម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស គឺតម្រូវឱ្យមានពិន្ទុIELTSនេះចាប់ពី៥.៥ឡើងទៅ។

ហេង សូរីតាបច្ចុប្បន្នគឺជានិស្សិតឆ្នាំទី១នៃដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC)។ មានអាយុ១៨ឆ្នាំសូរីតាគឺជាកូនស្រីច្បងក្នុងចំណោមបងប្អូន២នាក់ដែលមានឪពុកជាបុគ្គលិករបស់អង្គការUNWomen ហើយម្តាយជាស្រ្តីមេផ្ទះ៕

ដោយ៖ រិន សុក្រិត្យ

៤នាទីជំនួយស្មារតីដើម្បីត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៥

ម្តងហើយម្តងទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិ​បាល​​​​កម្ពុជា​​​បាន​ក្រើនរំលឹកដល់សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប២០១៥) ថាពួកគេគ្មានឱកាសដើម្បីប្រឡងលើកទី២ដូចឆ្នាំមុន(២០១៤)នោះទេ។

បច្ចុប្បន្នប្អូនៗថ្នាក់ទី១២មួយចំនួនធំបាននិងខិតខំស្វែងរករៀនគួរបន្ថែម អ្នកខ្លះទៀតខិតខំរកវិញ្ញាសារ​​ដែល​ធ្លាប់​ចេញរួចយកមកអនុវត្តន៍ ខណៈពេលដែល​អ្នកខ្លះទៀតខំប្រឹងដើរលេងកំសាន្ត​និងគេង​ឱ្យបាន​​ច្រើន​ជាង​​មុន​​​ដើម្បីកុំឱ្យឈឺមុនការ​ប្រឡងមកដល់។

វីដេអូខាងក្រោមនេះនឹងប្រាប់អ្នកឱ្យដឹងពីការត្រៀមខ្លួន​របស់​ប្អូនៗសិស្សនុសិស្សថ្នាក់​ទី​១២មួយចំនួន​ ថាតើពួកគេបានព្រួយបារម្ភក៏ដូចជាបានត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ការប្រឡងខាងមុខនេះ? ជាងនេះទៀត​វីដេអូក៏បានចែករំលែក​បទពិសោធន៍ពីអតីតជ័យលាភីនិទ្ទេស​Aកាលឆ្នាំ២០១៤ផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ។

Inbox for Price មានន័យដូចម្តេច?

Inbox for Price គឺ​ជា​ពាក្យ​ភាសាអង់គ្លេស​មួយឃ្លា​ដែល​គេ​តែង​តែ​យក​មក​និយាយ​ឬ​ក៏​យកទៅ​ធ្វើ​ជា​ត្លុក​កំប្លែង​ដើម្បី​ឌឺដង​ដល់​អ្នក​ដែល​សួរ​រក​តម្លៃ​ជា​ថវិកា​របស់អ្វីមួយ​នៅលើ​ហ្វេសប៊ុក។  មជ្ឍដ្ឋាន​យុវជន​ភាគច្រើន​ដែល​ប្រើប្រាស់​ហ្វេសប៊ុក​ប្រហែល​ជាយល់​ពី​ពាក្យ​នេះ ប៉ុន្តែ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​យល់​ពី​អត្ថន័យ​របស់​ពាក្យ​នេះ​នៅ​ឡើយ

តើ​ពាក្យ​មួយ​ឃ្លា​នេះ​មាន​ន័យ​ដូច​ម្តេច? តាម​ពិត​ទៅ​ពាក្យ​ថា Inbox for Price (អ៊ីនបុក ហ្វ័រ ប្រាយ) មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ផ្ញើរ​សារ​មក​ដើម្បី​ដឹង​ពី​តម្លៃ។ ពាក្យនេះ​គឺ​ត្រូវ​បាន​និយម​ប្រើ​ពី​សំណាក់​អ្នក​ធ្វើ​ជំនួញ​តាម​អ៊ីនធើណេត​ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ ជាញឹក​ញាប់​អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​គេ​(អតិថិជន)សួរ​ពីតម្លៃ​ផលិតផល​មួយ​តាម​រយះ ខំម៉េន (Comment)។

ឧទារហណ៍៖ អ្នកទិញ​តែង​តែសួរថា តើរថយន្តហ្នឹងថ្លៃប៉ុន្មានបង? ចំណែក​អ្នក​លក់​ជាទូទៅ​មិនចង់​ឆ្លើយតប​នៅលើ​ខំម៉េន​ឱ្យ​គេ​ឃើញ​ជា​សារធារណៈ​នោះទេ។ ដូច្នេះ​ពួកគេ​តែងតែ​តប​ទៅ​អ្នក​ដែល​បាន​សួរ​នោះ​វិញ​ដោយ​ឱ្យ​ផ្ញើរ​សារ​តាម​រយះ​ប្រអប់​សារ​ដែល​អនុញាតិ​ឱ្យ​អ្នក​លក់​អាច​ប្រាប់​ពី​តម្លៃ​ផលិតផល​នោះ​ជា​សម្ងាត់។

ដោយ​សារ​កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ម្ចាស់​ទំព័រ​កំសាន្ត​មួយ​ចំនួន​ចាប់​ផ្តើម​ធ្វើរូប​ត្លុកកំប្លែង​ដើម្បី​ចែក​រំលែក​ជា​ការ​សប្បាយ​ដល់​ប្រិយមិត្ត​របស់​ពួក​គេ។ ជាក់​ស្តែង​យើង​ឃើញ​មាន​រូបត្លុក​មួយ​ចំនួន​បាន​យក​រូបភាព​នគរបាល​ចរាចរណ៍​កំពុង​ផាក​ពិន័យ​អ្នក​បើកបរ​ខុសច្បាប់។​

ពួក​គេ​បាន​សរសេរ​បង្ហាញ​ពី​អ្នក​បើកបរ​បាន​សួរ​ពី​តម្លៃ​នៃការ​ផាកពិន័យ​នោះ​ទៅ​នគរបាល​ថា “អស់​ប៉ុន្មាន​ដែរ?​” ចំណែក​ឯ​នគរបាល​បាន​តប​ថា “Inbox for Price Dear” មាន​ន័យ​ថា​ផ្ញើរសារ​មក​ដើម្បី​ដឹង​ពី​តម្លៃ​ផាក​ពិន័យ​នេះ។

យ៉ាង​ណា​ក៏ដោយ​ការ​រចនា​រូបភាព​កំសាន្ត​មិន​ជា​អាក្រក់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​គួរ​តែ​ធ្វើ​ការ​ចែក​រំលែក​ប្រកប​ដោយ​ក្រម​សីលធម៌​និង​គោរព​សិទ្ធិ​ឯកជន​ដល់​អ្នក​នៅ​ក្នុង​រូបភាព​នោះ​ផង៕

ដោយ៖ រិន សុក្រិត្យ

គន្លឹះ៧យ៉ាងដើម្បីឈ្នះអាហារូបករណ៍នៅDMC

មានសិស្សមិនច្រើននោះទេដែលបានស្គាល់និងដឹងនៅពេលពួកគេលឺពាក្យមួយម៉ាត់ថាDMC។ ទោះជាយ៉ាងណា សម្រាប់សិស្សានុសិស្សដែលមានបងប្អូនធ្លាប់បានសិក្សានៅDMC ពួកគេប្រាកដជាដឹងច្បាស់ថាអ្វីទៅជាDMCហើយពួកគេប្រហែលជាត្រូវបានអូសទាញដោយបងៗឱ្យចូលរៀននៅសាលានេះផងដែរ។

អាស្រ័យលើមូលហេតុ អាហារូបករណ៍ គុណភាពអប់រំ ឱកាសការងារ បានធ្វើឱ្យDMCគឺជាសាលាមួយដែលសិស្សជាច្រើនមានបំណងចង់ចូលសិក្សា។ ប៉ុន្តែជាអកុសលដោយសារតែមិនមែនសិស្សទាំងអស់សុទ្ធតែមានសំណាងបានឈ្នះការប្រឡងជាមួយនិងលក្ខណដ៏តឹងរឹងទាំង២ដំណាក់កាលរបស់DMCនោះឡើយ។ ដូច្នេះក្នុងនាមជាអតីតនិស្សិតDMCក៏ដូចជាអ្នកធ្លាប់បានឆ្លងកាត់ការប្រឡងរបស់DMC ខ្ញុំសូមចូលរួមចែករំលែកបទពិសោធន៍មួយចំនួនដល់ប្អូនៗដែលមានបំណងចង់ឈ្នះការប្រឡងអាហារូបករណ៍នៅDMC។

១-ស្វែងយល់ពីចំណេះដឹងទូទៅដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍បច្ចុប្បន្ន

វិញ្ញាសារទី១របស់DMC គឺជាវិញ្ញាសារវប្បធម៌ទូទៅដែលតម្រូវឱ្យប្អូនៗមានចំណេះដឹងទូទៅទូលំទូលាយ ជាពិសេសគឺការស្វែងយល់ពីបញ្ហាសង្គមដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ន។ ខ្ញុំសូមលើកឧទាហរណ៍ថា៖ បច្ចុប្បន្នគេសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់ តើប្អូនយល់ថាគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងដោយសារអ្វី? ហើយក្នុងនាមប្អូនជានិស្សិតតើប្អូនមានវិធានការណ៍យ៉ាងដូចម្តេចដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នោះ?

២-អនុវត្តន៍វិញ្ញាសារភាសាអង់គ្លេសឱ្យបានច្រើន

ដោយសារតែវិញ្ញាសារសរសេរទី២គឺជាភាសាអង់គ្លេស ដូច្នេះមានប្អូនៗជាច្រើនដែលនិយាយថាពួកគេខ្សោយភាសារអង់គ្លេស ដូច្នេះពួកគេមិនមានភាពក្លាហានក្នុងការប្រឡងចូលរៀននៅDMC។ ដូច្នេះបើប្អូនៗគិតថា ភាសាអង់គ្លេសរបស់ប្អូននៅមានកម្រិត ចូរប្អូនកុំអស់សង្ឃឹម ដោយសារតែខ្ញុំក៏មិនមែនជាអ្នកពូកែអង់គ្លេសនោះទេ។ បើបងអាចប្រឡងជាប់ ប្អូនក៏អាចប្រឡងជាប់ដូចគ្នា។ តែប្អូនត្រូវតែព្យាយាមធ្វើលំហាត់វិញ្ញាសារភាសាអង់គ្លេសឱ្យបានច្រើន ធ្វើដូច្នេះប្អូនៗប្រាកដជាអាចយល់បានច្រើននៅពេលប្អូនជួបវិញ្ញាសារភាសារអង់គ្លេសរបស់DMC។

៣-ព្យាយាមស្វែងយល់ពីវិស័យសារព័ត៌មាន

មុននឹងដាក់ពាក្យសុំប្រឡងនៅDMC ប្អូនត្រូវដឹងថា ប្អូនកំពុងតែប្រឡងចូលរៀននៅសាលាសារព័ត៌មាន ដូច្នេះប្អូនត្រូវតែស្វែងយល់ពីសារព័ត៌មានឱ្យបានច្រើន។ ប្អូនស្តាប់ព័ត៌មានគឺដើម្បីដឹងពីព្រឹត្តិការណ៍បច្ចុប្បន្នដែលបាននិងកំពុងកើតមានឡើងនៅកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។

ជាងនេះទៅទៀតប្អូនត្រូវស្គាល់ពីស្ថាប័នព័ត៌មានផងដែរព្រោះនោះគឺជាអ្វីដែលនឹងមានចេញនៅក្នុងវិញ្ញាសារភាសាអង់គ្លេស។ ឧទាហរណ៍៖ តើពាក្យCNN ឬ BBC ឬក៏ CTN មានពាក្យពេញយ៉ាងដូចម្តេច? ឬ ចូរប្អូនរៀបរាប់ពីកាសែតភាសាអង់គ្លេសនៅកម្ពុជាឱ្យបាន៣? ឬក៏ ចូរប្អូនរៀបរាប់វិទ្យុអន្តរជាតិដែលកំពុងផ្សាយនៅកម្ពុជាឱ្យបាន៣?

បងសូមណែនាំឱ្យប្អូនតាមដានព្រឹត្តិការណ៍បច្ចុប្បន្នដោយស្តាប់វិទ្យុអាស៊ីសេរី(RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិច(VOA) និងវិទ្យុបារាំងអន្តរជាតិ(RFI)។ ផ្អាកការមើលភាពយន្តហើយមកមើលព័ត៌មានវិញម្តង។

៤-ស្វែងរកវិញ្ញាសារដែលធ្លាប់ចេញរួចយកទៅអនុវត្តន៍

ប្អូនៗអាចស្វែងរកវិញ្ញាសារដែលធ្លាប់ចេញរួចឆ្នាំមុនៗ ដើម្បីយកទៅអនុវត្តន៍ដើម្បីឱ្យខ្លួនមានភាពស៊ាំទៅនឹងវិញ្ញាសារ។ ការអនុវត្តន៍វិញ្ញាសារធ្លាប់ចេញរួចបែបនេះ អាចជួយឱ្យប្អូនសម្របខ្លួននិងត្រៀមខ្លួនបានល្អក្នុងការប្រឡង។ ប្អូនអាចរកជាវវិញ្ញាសារនោះនៅឯការិយាល័យរដ្ឋបាលរបស់DMCដែលមានតម្លៃថោកជាងKOIមួយកែវ។

៥-ហាត់និយាយភាសារអង់គ្លេសឱ្យបានច្រើន

សូមអបអរសាទរដែលប្អូនអាចឈានមកដល់ដំណាក់កាលទី២នេះ។ មានន័យថាប្អូនបានជាប់ដំណាក់កាលទី១(Written Test) រួចហើយ។ ដំណាក់កាលនេះគឺវគ្គជំនាញនិយាយភាសារអង់គ្លេសដោយសារប្អូននឹងត្រូវបានសួរជាភាសារអង់គ្លេសដោយសាស្រ្តាចារ្យ៣រូប។

ការអនុវត្តន៍និយាយភាសារអង់គ្លេសឱ្យបានច្រើននឹងជួយឱ្យប្អូនមានជំនឿចិត្តនិងភាពក្លាហានក្នុងការនិយាយភាសាអង់គ្លេសដោយមិនសូវរអាក់រអួល។ វាជួយឱ្យខួរក្បាលប្អូនមានភាពស៊ាំទៅនឹងការនិយាយភាសាអង់គ្លេសដែលអាចជួយឱ្យសាស្ត្រាចារ្យទាំងបីរូបឆ្លើយថាYESទាំង៣តែម្តង។

៦-ព្យាយាមឆ្លើយឱ្យត្រូវសំនួរដែលបានសួរ

ការសម្ភាសន៍នៅDMCគឺមានលក្ខណៈស្រដៀងទៅនឹងការសម្ភាសន៍ការងារអីចឹង។ សំនួរទី១ដែលអាចនឹងសួរគឺថា ការណែនាំខ្លួនឯង។ ប្អូនមិនបាច់និយាយថាប្អូនឈ្មោះអីនោះទេ ប៉ុន្តែត្រូវនិយាយពីបទពិសោធន៍ ប្រវត្តិនៃការរៀនសូត្រដែលពាក់ព័ន្ធវិស័យសារព័ត៌មាន (បើមាន)។ ត្រូវព្យាយាមនិយាយយឹតៗ ហើយច្បាស់។ ពីព្រោះថាការនិយាយលឿនអាចធ្វើឱ្យប្អូននិយាយខុសវេយ្យាករណ៍ ឬក៏ខុសពាក្យរអាក់រអួលច្រើនដោយមិនដឹងខ្លួន។

៧-មានគោលដៅច្បាស់លាស់ក្នុងការសិក្សានៅDMC

សំនួរមួយដែលសំខាន់នោះគឺជាសំនួរដែលថាហេតុអ្វីបានជាប្អូនចង់រៀននៅDMC? ដូច្នេះប្អូនត្រូវស្វែងយល់ឱ្យច្បាស់ពីDMC មានន័យថានៅពេលប្អូនរៀនចប់ពីDMCតើប្អូននឹងក្លាយទៅជាអ្វី? ហើយហេតុអ្វីបានជាប្អូនចង់ក្លាយទៅជាបុគ្គលនោះ? ឧទារហណ៍៖ មូលហេតុដែលខ្ញុំចង់រៀននៅDMC ព្រោះថាខ្ញុំចង់ក្លាយទៅជាអ្នកសារព័ត៌មានអាជីពមួយរូប។ហើយសំនួរបន្ទាប់នឹងអាចជា“ហេតុអ្វីបានជាប្អូនចង់ក្លាយទៅជាអ្នកសារព័ត៌មាន?”

គួរបញ្ជាក់ផងដែរថាDMCគឺជាពាក្យកាត់មកពីភាសាអង់គ្លេសថាDepartment of Media and Communicationដែលមានន័យជាភាសាខ្មែរថាដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍។ ដេប៉ាដឺម៉ង់នេះគឺផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាសាកលវិទ្យាល័យ លំដាប់ថ្នាក់លេខ១នៅប្រទេសកម្ពុជា។ DMCទទួលសិស្សឱ្យសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយចំនួន៣០រូបក្នុងមួយឆ្នាំ ហើយនិស្សិតដែលមានបំណងចង់ចូលរៀនត្រូវមានអាយុក្រោម២២ឆ្នាំ៕

សូមប្អូនៗមានសំណាងល្អ!

ដោយ៖ រិន សុក្រិត្យ (DMCជំនាន់ទី១១)